Friday, August 26, 2011

រាជបណ្ឌិត​សភា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​សុរិន្ទ

ដោយ ឡេង ម៉ាលី
2010-12-14

វប្បធម៌​ខ្មែរ​សុរិន្ទ ដែល​មាន​នៅ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​លើក​ដំបូង នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា នា​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១០។

ការ​បង្ហាញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាគម​ភាសា និង​វប្បធម៌​ខ្មែរ​សុរិន្ទ តាម​ការ​អញ្ជើញ​របស់​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​អាស៊ី នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា នៅ​ក្នុង​សិក្ខា​សាលា​មួយ ក្រោម​ប្រធាន​បទ "វប្បធម៌​ខ្មែរ​សុរិន្ទ" ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​កូរ៉េ​សម្រាប់​ការ​សិក្សា​ជាន់​ខ្ពស់។

ក្នុង​សិក្ខា​សាលា​ស្ដីពី "វប្បធម៌​ខ្មែរ​សុរិន្ទ" ប្រធាន​សមាគម​ភាសា និង​វប្បធម៌​ខ្មែរ​សុរិន្ទ គឺ​លោក ជ័យ មង្គល ដែល​ជា​អ្នក​ដឹក​នាំ​ប្រតិភូ​ខ្មែរ​សុរិន្ទ​មក​ចូល​រួម បាន​បង្ហាញ​អំពី​ការ​ងារ​ខិតខំ​របស់​លោក ក្នុង​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ​សុរិន្ទ ដែល​មាន​ដូច​ជា សិល្បៈ និង​ទំនៀម​ទម្លាប់​ខ្មែរ​បុរាណ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ដោយ​ការ​ស្រាវជ្រាវ​សាស្ត្រា​ស្លឹករឹត និង​ការ​បង្រៀន​អក្សរ​ខ្មែរ ៖ "ឆ្នាំ​ហ្នឹង​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្ហាត់​អក្សរ​ខ្មែរ​ឱ្យ​កូន​ក្មេង ប្រជា​ជន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ព្រោះ​ខ្ញុំ​ឃើញ​ថា ពី​មុន​យើង​មាន​ភាសា ដោយ​សារ​យើង​អត់​មាន​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​សាលា​រៀន ចាប់​ពី​ថ្នាក់​កុមារដ្ឋាន ដូច​ថា​បឋម​សិក្សា ដូច្នេះ​យូរ​ៗ​ទៅ​វា​បាត់"។

ប្រធាន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អាស៊ី និង​ជា​អគ្គ​លេខាធិការ​របស់​រាជ​បណ្ឌិត​សភា​កម្ពុជា លោក ស៊ុំ ឈុំ​ប៊ុន មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ គឺ​ជា​ការ​សម្រេច​បំណង​មួយ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​វប្បធម៌​ខ្មែរ​សុរិន្ទ ៖ "យើង​សុំ​សរសើរ​បង​ប្អូន​ខ្មែរ​សុរិន្ទ​យើង ដែល​រាប់​រយ​រាប់​ពាន់​ឆ្នាំ​ហើយៗ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ខិត​ខំ​រក្សា​មត៌ក លើក​ស្ទួយ​មត៌ក​វប្បធម៌​ទាំង​ខាង​ភាសា ទាំង​ខាង​ប្រពៃណី​ទំនៀម​ទម្លាប់ និង​សិល្បៈ​ជា​ដើម ឱ្យ​បាន​នៅ​គងវង់។ ការណ៍​នេះ​បំណង​របស់​យើង គឺ​យើង​ខិតខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នូវ​អ្វី​ដែល​ជា​មត៌ក​នេះ យក​មក​កត់​ចម្លង ចង​ក្រង​ជា​ក្បួន ជា​ឯកសារ​តម្កល់​ទុក ដើម្បី​ឱ្យ​មាន​អត្ថិភាព​ឋិតថេរ​គងវង់​ត​ទៅ"។

ក្រៅ​ពី​ការ​បង្ហាញ​អំពី​ការ​ខិតខំ​នៅ​ក្នុង​ការ​ងារ​អភិរក្ស​ភាសា វប្បធម៌ និង​ការ​ស្រាវ​ជ្រាវ​សស្ត្រា​ស្លឹករឹត លោក ជ័យ មង្គល ក៏​បាន​ដឹក​នាំ​ក្រុម​សិល្បករ​តន្ត្រី​កន្រ្ទឹម​ខ្មែរ​សុរិន្ទ មក​ប្រគំ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ផង​ដែរ ដោយ​លោក​មាន​ប្រសាសន៍​ថា វប្បធម៌​គឺ​ចង​ភ្ជាប់​ជា​មួយ​សិល្បៈ។

លោក ជ័យ មង្គល ថ្លែង​បញ្ជាក់​ថា ខេត្ត​សុរិន្ទ គឺ​ជា​តំបន់​ចុង​ក្រោយ​សម្រាប់​អភិរក្ស​វប្បធម៌ និង​អារ្យ​ខ្មែរ​សុរិន្ទ ហើយ​ការ​ដែល​លោក​អញ្ជើញ​មក​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ​សុរិន្ទ​នេះ ក្រៅ​ពី​បំណង​ឱ្យ​រាជ​បណ្ឌិត​សភា​ចង​ក្រង​រក្សា​ទុក លោក​ក៏​មាន​បំណង​ចង់​ឱ្យ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ជួយ​ក្នុង​ការ​អភិរក្ស​វប្បធម៌​ខ្មែរ​សុរិន្ទ៕

No comments:

Post a Comment