Friday, August 26, 2011

ខ្មែរ​សុរិន្ទ​ស្វែង​រក​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ពី​កម្ពុជា

ដោយ ហង្ស សាវយុត
2010-10-09

សមាគម​ថៃ​មួយ​ចំនួន ដែល​មាន​អ្នក​ដឹក​នាំ​ជា​បញ្ញវន្ត និង​ព្រះ​សង្ឃ​ខ្លះ ដែល​នៅ​ចេះ​និយាយ​ភាសា​ខ្មែរ បាន​ជួប​ប្រជុំ​គ្នា​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្មែរ​មួយ នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៨ ខែ​តុលា ដើម្បី​ស្វែង​រក​ជំនួយ​ខាង​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ជា​ច្រើន​រូប ដែល​គេ​កំពុង​ត្រូវ​ការ​ចាំ​បាច់ ឲ្យ​ទៅ​ស្នាក់​នៅ​ស្រុក​ថៃ ជួយ​បង្រៀន​អក្សរ​ខ្មែរ ដល់​ប្រជា​ពល​រដ្ឋ​ថៃ​ជា​ច្រើន​ក្នុង​ខេត្ត​សុរិន្ទ។

លោក ប៊ុន​រឿង គុជម៉ា ជា​ប្រធាន​គម្រោង​រៀបចំ​ឲ្យ​មាន​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​តុលា​ថា ពេល​នេះ​គម្រោង​បង្រៀន​អក្សរ​ខ្មែរ​បាន​ចេញ​ដំណើរ​ហើយ ដោយ​លោក​កំពុង​ចាប់​ផ្ដើម​រៀបចំ​កម្មវិធី​ថ្នាក់​ទី១ ទី​២ ទី​៣ ផ្នែក​អក្សរ​ខ្មែរ ហើយ​នឹង​ចាប់​ផ្ដើម​យក​គ្រូ​ជន​ជាតិ​ថៃ​ពី​តាម​សាលា​ខ្លះ​ជា​បង្គោល មក​បង្រៀន​អក្សរ​ខ្មែរ ដើម្បី​ឲ្យ​គេ​យក​ចំណេះ​ទៅ​បង្រៀន​សិស្ស​ជា​ច្រើន​នៅ​តាម​សាលា​ផង ៖ «គម្រោង​ការ​នេះ​យើង​ឈាន​ទៅ​ទំនាក់​ទំនង​ជា​មួយ​ខ្មែរ។ នៅ​ថ្ងៃ​ទី​១១ នេះ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ចៅហ្វាយ​ខេត្ត​រង​ឧត្តរ​មានជ័យ ដើម្បី​យើង​នឹង​ធ្វើ (M.O.U) ជា​មួយ​គ្នា អាច​នឹង​ទៅ​សុំ​គ្រូ​ពី​ឧត្តរ​មានជ័យ​មក​ជួយ​បង្រៀន​អក្សរ​ខ្មែរ​នៅ​នឹង​ស្រុក​សុរិន្ទ។ មិន​ត្រឹម​តែ​ខេត្ត​ឧត្តរ​មានជ័យ​ទេ​ខ្ញុំ​នឹង​ទៅ​សៀម​រាប​ផង ហើយ​នឹង​ទៅ​ជួប​មន្ទីរ​អប់រំ​ខេត្ត​សៀមរាប ដើម្បី​យើង​ទំនាក់​ទំនង​គ្នា​ខាង​ភាសា និង​វប្បធម៌​ផង»។

លោក ឆាគ្រី សិរី​សុថា​រ៉ានុន ប្រធាន​សមាគម​មិត្ត​ភាព​ថៃ-កម្ពុជា ប្រចាំ​ខេត្ត​សុរិន្ទ​បាន​ចាត់​ទុក​ថា ជន​ជាតិ​ថៃ​ភាគ​ច្រើន​ដែល​កំពុង​រស់​នៅ​ខេត្ត​សុរិន្ទ គឺ​ជា​តំណ​ពូជ​ពង្ស​កូន​ចៅ​ខ្មែរ ដែល​នៅ​តែ​ចេះ​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​ពួក​គេ​មិន​ចេះ​អក្សរ​ខ្មែរ​ទៀត​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ខេត្ត​សុរិន្ទ​បាន​ចេះ​អក្សរ​ខ្មែរ​ឡើង​វិញ ដើម្បី​ទាក់​ទង​គ្នា​ជា​មួយ​ខ្មែរ​បាន​កាន់​តែ​ច្រើន​ឡើង ក្នុង​គោល​បំណង​ឆ្ពោះ​ទៅ​រក​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ផ្នែក​សិល្បៈ និង​វប្បធម៌​ជា​ដើម។ លោក ឆាគ្រី បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​បង្រៀន​អក្សរ​ខ្មែរ​នៅ​ខេត្ត​សុរិន្ទ​នោះ គឺ​ជា​គោល​ការណ៍​របស់​រដ្ឋាភិបាល​ថៃ ដែល​ឧបត្ថម្ភ​ឲ្យ​ពល​រដ្ឋ​ថៃ​បាន​រៀន​ភាសា​នៃ​ជន​ជាតិ​សមាគម​អាស៊ី-អាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន​នោះ។

ទោះ​យ៉ាង​ណា មន្ត្រី​ខ្មែរ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា​នៅ​ឡើយ ដើម្បី​ឆ្លើយ​តប​នឹង​ក្រុម​សមាគម​ថៃ​ខេត្ត​សុរិន្ទ ដែល​ត្រូវ​ការ​ជំនួយ​ផ្នែក​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នោះ។

លោក អ៊ឹង វ៉ន អភិបាល​រង​ខេត្ត​ឧត្តរ​មានជ័យ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា​សមាគម​ថៃ​នៅ​ខេត្ត​សុរិន្ទ ត្រូវ​ការ​ស្នើ​សុំ​គ្រូ​បង្រៀន​ពី​ខេត្ត​របស់​លោក​យក​ទៅ​បង្រៀន​អក្សរ​ខ្មែរ ប៉ុន្តែ​មិន​អាច​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ត្រឹម​ថ្នាក់​លោក​បាន​ទេ ចំពោះ​បញ្ហា​នេះ ៖ «បើ​គ្រូ​ស្ម័គ្រ​ចិត្ត គេ​ទៅ​ក្រៅ​ផ្លូវ​ការ​អី​អា​ហ្នឹង​វា​អាច ប៉ុន្តែ​បើ​គ្រូ​ក្របខ័ណ្ឌ​វា​ទាល់​តែ​ឆ្លង​ក្រសួង​អប់រំ​ហើយ វា​ពាក់ព័ន្ធ​ទៅ​ដល់​ក្រសួង​ការ​បរទេស​ទៀត​នោះ វា​ទាល់​តែ​ឲ្យ​គេ​មក​ទាក់​ទង​សិន ហើយ​ចាំ​យើង​សុំ​យោបល់​តាម​ហ្នឹង យើង​មិន​ចេះ​ឲ្យ​ទៅ​បាន​ទេ​អា​ហ្នឹង»។

អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ឆ្លើយ​តប​តម្រូវ​ការ​របស់​សមាគម​ថៃ​នៅ​ខេត្ត​សុរិន្ទ​នោះ​មុន​គេ ដោយ​ឲ្យ​ដឹង​ថា គេ​បាន​បញ្ជូន​បុគ្គលិក​ម្នាក់​ទៅ​កាន់​ខេត្ត​សុរិន្ទ​របស់​ថៃ​ហើយ ដើម្បី​ឲ្យ​ជួយ​បង្រៀន​អក្សរ​ខ្មែរ​ដល់​គ្រូ​បង្គោល​ថៃ​មួយ​ចំនួន សម្រាប់​យក​ទៅ​បង្រៀន​សិស្ស​ថៃ នៅ​តាម​សាលា​ជា​ច្រើន​ទៀត៕

No comments:

Post a Comment